កត់​ចំណាំ​ទុក​ព្រឹត្តិការណ៍ WWDC របស់ Apple ក្នុង​ឆ្នាំ​នេះ​អោយ​ហើយ​ទៅ!

ជារៀងរាល់មួយឆ្នាំម្ដង ក្រុមហ៊ុន Apple តែងតែធ្វើការប្រារព្ធនូវកម្មវិធីធំៗ ប្រចាំឆ្នាំរបស់ខ្លួនដូចជា ព្រឹត្តិការណ៍ស្ដីពី ផលិតផល iPhone ឬព្រឹតិ្តការណ៍ ស្ដីអំពីផលិតផល iPad និងផលិតផល ផ្សេងៗទៀត ក៏ដូចជាព្រឹត្តិការណ៍ និយាយជុំវិញកម្មវិធី ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ ប្រតិបត្តិការ iOS, macOS, watchOS និង tvOS ជាដើម។

សម្រាប់ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ដោយ Apple នឹងចាប់ផ្ដើមប្រារព្ធពិធី WWDC ឬហៅឈ្មោះពេញថា Worldwide Developer Conference ជាផ្លូវការ មកទៀតហើយ។ គោលគំនិត ដ៏ចំបងជាងគេមួយ ក្នុងការប្រារព្ធពិធីធំមួយនេះ គឺថា Apple នឹង​បើកឱកាសអោយក្រុម Developer ចូលរួម ដើម្បីសិក្សាស្វែងយល់អំពីការវិវឌ្ឍន៍ខ្លួន កាន់តែប្រសើរឡើង ជាមួយនឹងកម្មវិធីរបស់ Apple មួយចំនួន ដែលមានប្រើ នៅលើផលិតផល អេឡិចត្រូនិចរបស់ខ្លួន ពិសេសពាក់ព័ន្ធ ទៅនឹងការបោះជំហ៊ានទៅមុខ នៃប្រព័ន្ធ​ប្រតិបត្តិការធំៗ ជំនាន់ថ្មី មានដូចជា iOS, macOS, watchOS និង tvOS ដែលជា Operating System ធំៗ មានអ្នកប្រើប្រាស់ រាប់​រយលាននាក់ឯណោះ។ ទោះជា Apple មិនទាន់ប្រកាសអោយដឹងពីកាលបរិច្ឆេទ ជាផ្លូវការ អោយគ្រប់គ្នាបានដឹងក៏ពិតមែន ប៉ុន្តែ​ថ្មីៗ​នេះ ក៏មានប្រភពមួយ ដែលជិតស្និទនឹង Apple បានបង្ហើបអោយដឹងថា ព្រឹត្តឹការណ៍ WWDC ឆ្នាំ 2019 នឹងប្រារព្ធឡើងនៅ ចន្លោះ​ថ្ងៃ​ទី 3 ដល់ទី 7 ខែមិថុនា នាពេលខាងមុខ នៅទីក្រុង San Jose រដ្ឋ California ក្នុងអាគារ McEnery Convention Center ដែល​ជា​កន្លែងធ្លាប់ប្រារព្ធពិធីនេះ បានពីរឆ្នាំរួចមកហើយ។

ជាចុងក្រោយ ចំពោះប្រព័ន្ធប្រតិបត្តិការធំៗ ជំនាន់ថ្មីដែលខាងក្រុមហ៊ុន Apple នឹងលើកមកបង្ហាញនៅពេលនោះ ត្រូវបាន​គេ​បញ្ជាក់​ថា វាមានដូចជា iOS 13, tvOS 13, watchOS 6 និង macOS 10.15 ជាដើម។ លើសពីនេះ ប្រភពដដែលបានបន្ថែមថា ក្រុមហ៊ុន​ផ្លែប៉ោម ក៏អាចនឹងនាំយកផលិតផលជំនាន់ថ្មីមកបង្ហាញ ដូចជា MacBook, MacBook Pro និង iMac ផងដែរ។

 

ប្រភព: Cambo Report

Share on :