សេនស័រកាម៉េរាទំហំ 48MP នឹង​មាន​មុខ​នៅ​លើ Nokia X71 ឬក៏ 8.1 Plus ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ!

នាពេលថ្មីៗនេះ ក្រុមហ៊ុន HMD បានចាប់ផ្ដើមបោះពុម្ភ លិខិតអញ្ជើញសម្រាប់ ព្រឹត្ដិការណ៍ដាក់បង្ហាញស្មាតហ្វូនម៉ូឌែល Nokia X71 ឬក៏ Nokia 8.1 Plus ហើយនិង Nokia 9 PureView របស់ខ្លួនជាផ្លូវការផងដែរ។ ព្រឹត្តិការណ៍ថ្មីមួយនេះ នឹងត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​តៃវ៉ាន់ (សាធារណរដ្ឋប្រជាមានិតចិន) ក្នុងថ្ងៃទី 2 ខែមេសា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ។

ស្មាតហ្វូនម៉ូឌែល Nokia X71 (នឹងមានឈ្មោះថា Nokia 8.1 Plus សម្រាប់ទីផ្សារសាកល) នឹងក្លាយជាស្មាតហ្វូនដំបូងបង្អស់ របស់​ក្រុមហ៊ុន HMD ដែលបានប្រើប្រាស់ដោយ សេនស័រកាម៉េរាទំហំធំដល់ទៅ 48MP ហើយចំណែកឯសេនស័រកាម៉េរា ជំនួយ​មួយ​គ្រាប់​ទៀ​ត​គឺ​ជា​ប្រភេទ 120° Ultra-Wide ថែម​ទៀត​ផង។ បើ​យោង​ទៅ​តាមរូបភាព​លេចធ្លាយ Render ដែលបានដាក់បង្ហាញ យើង​ក៏​ឃើញ​មាន​ផ្ទៃអេក្រង់លាតទំហំធំ 6.22 អ៊ីញ ជាមួយនឹងអេក្រង់ប្រភេទ Infinity-O ឬក៏ប្រជ្រុយដូចមាននៅលើ Galaxy S10e អញ្ចឹង​ដែរ។ ទោះបីជាយ៉ាងក៏ដោយ កាលពីពេលមុននេះ ពាក្យចចាមអារ៉ាមក៏បានបង្ហាញថា Nokia X71 (សម្រាប់ទីផ្សារចិន) និង Nokia 8.1 Plus (សម្រាប់ទីផ្សារសាកល) នឹងមិនមានលក្ខណៈដូចគ្នាទាំងស្រុងនោះទេ ដោយ Nokia X71 មាន​បំពាក់​ដោយ​សេនស័រ​កាម៉េរាចំនួន 3 គ្រាប់នៅផ្នែកខាងក្រោយ ចំណែកឯ Nokia 8.1 Plus វិញមានត្រឹមចំនួន 2 គ្រាប់តែប៉ុណ្ណោះ។

ដូចគ្នាទៅនឹង Nokia 8.1 អញ្ចឹងដែរ ដោយ Nokia 8.1 Plus គឺត្រូវបានរំពឹងថាជាស្មាតហ្វូនកម្រិតមធ្យម ដូច្នេះយើងមិន​អាច​សង្ឃឹម​ថា នឹងអាចប្រើប្រាស់បន្ទះឈីបលំដាប់កំពូលនោះទេ។ ក្រៅពីនេះទៀត បើយោងទៅតាមការព្យាករណ៍មក បានបង្ហាញថាបន្ទះឈីប Snapdragon 710 គឺពិតជាសាកសមបំផុតសម្រាប់ស្មាតហ្វូនម៉ូឌែល Nokia X71 ឬក៏ Nokia 8.1 Plus ថ្មីនេះ។

សរុបមក រហូតមកដល់ពេលឥឡូវនេះ ប្រិយមិត្តអ្នកអានបានឃើញរួចមកហើយ នូវការឌីហ្សាញរបស់ Nokia X71 (Nokia 8.1 Plus) ដែលនឹងមានប្រជ្រុយ នៅលើផ្ទៃអេក្រង់លាតស្មើ សម្រាប់ដាក់សេនស័រកាម៉េរា Selfie ខាងមុខដូចមាននៅនឹង Galaxy S10e អញ្ចឹង​ដែរ។ ទោះបីជាយ៉ាងណា យើងនៅមិនទាន់ដឹងអំពីតម្លៃ របស់ស្មាតហ្វូនម៉ូឌែលថ្មីនេះនៅឡើយទេ ក៏ប៉ុន្ដែនៅថ្ងៃទី 2 ខែមេសា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន HMD នឹងដាក់បង្ហាញជូនជាផ្លូវការហើយ។

ប្រភពពីៈ Cambo Report

 

Share on :