Apple បាន​បញ្ចេញ​កំណែ​អាប់ដេត​ថ្មី​ iOS 12.2, tvOS 12.2 និង macOS 10.14.4 ជា​ផ្លូវ​ការ​ហើយ!

ស្របពេលដែល Apple បានបញ្ចេញប្រព័ន្ធផ្សព្វផ្សាយជាប្រភេទ Media Services ចប់រួចរាល់ ខាងក្រុមហ៊ុនមួយនេះ បាន​ឆ្លៀត​បញ្ចេញ​កំណែអាប់ដេតថ្មី លើប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.2 ជាជំនាន់ផ្លូវការ សម្រាប់អោយតម្លើងប្រើប្រាស់ ជាសាធារណៈហើយ ដូចទៅនឹងការសន្យាពីមុនអញ្ចឹង។ ពិតមែនហើយ សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ជំនាន់ថ្មី iOS 12.2 គឺផ្តោតសំខាន់ជាការផ្សារភ្ជាប់​ទំនាក់​ទំនង​ជាមួយ Media Services (Apple News+) ដែលក្រុមហ៊ុនផ្លែប៉ោម ទើបបានបញ្ចេញមកនោះ។

បានបានដឹងហើយថា នៅលើកំណែអាប់ដេត iOS 12.1.4 មិនសូវជាជួបបញ្ហាអីច្រើន ដូចជំនាន់មុនឡើយ ប៉ុន្តែវា​ក៏​ល្មម​ដល់​ពេល​ដែល Apple បញ្ចេញជំនាន់ថ្មីមកផងដែរ ព្រោះយើងបានប្រើប្រាស់ iOS 12.1.4 អស់ជាងមួយខែទៅហើយ។ ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 12.2 ផ្លូវការនេះ គឺបានបន្ថែមលក្ខណៈពិសេស អោយកាន់តែមានភាពប្រសើរ សម្រាប់អ្នកប្រើប្រាស់លើ iPhone និង iPad ក៏ដូចជាបន្ថែមនូវរូប Emoji ថ្មី ចំនួន 4 រូប ដូចជារូបជ្រូកព្រៃ, ត្រីឆ្លាម, សត្វកវែង និងសត្វទីទុយ។ ក្រៅពីនេះ វាមាន​កំណែ​អាប់ដេត​រឹតតែប្រសើរជាងមុន ទៅលើការគ្រប់គ្រង និងបញ្ជាលើ HomeKit TV, អាប់ដេតផ្ទៃ Screen Mirroring, អាប់ដេត AirPlay Icon ក្នុង Control Center, អាប់ដេត Wallet App, សម្រាប់ iPad Pro អាចដំណើរការជាមួយប៊ិច Logitech Crayon និង​ផ្សេងៗ​ជា​ច្រើន​ទៀត។

ក្រៅពី iOS 12.2 ថ្មីនេះ Apple ក៏បានបញ្ចេញ tvOS 12.2 រូមជាមួយ macOS 10.14.4 ជាជំនាន់ផ្លូវការ ផងដែរ ក្រោយបញ្ចប់​កំណែ​អាប់ដេតសាកល្បង អស់ជាច្រើនមក ដើម្បីជួសជុលកំហុស ក៏ដូចជាបញ្ហាតូចៗ មួយចំនួន ដែលអ្នកប្រើប្រាស់ជួបប្រទះ អោយ​ប្រសើរឡើងវិញ ជាពិសេសបញ្ហាស៊ីថ្មលើ MacBook (Pro & Air)។

អញ្ចឹងសរុបមកវិញ នេះក៏ជាដំណឹងល្អមួយផងដែរ ដែល Apple បានធ្វើការបញ្ចេញ iOS 12.2 ចេញជាផ្លូវការ សម្រាប់​អោយ​ការ​ប្រើប្រាស់ អោយកាន់តែប្រសើរ និងមានភាពទាន់សម័យថែមមួយកម្រិតទៀត។ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ទាំង iOS 12.1.4 ឬ ក្រោមហ្នឹង (ជាជំនាន់ផ្លូវការទាំងអស់) បើមានចំណាប់អារម្មណ៍ អាចតម្លើងមក iOS 12.2 ផ្លូវការនេះបាន ដោយ​គ្រាន់​តែចូល Settings > General > Software Update > Download & Install ជាការស្រេច ប៉ុន្តែចំណាំត្រូវភ្ជាប់ WIFI ជាមុន​សិន។

 

ប្រភពពីៈ Cambo Report

 

Share on :